នាព្រឹកថ្ងៃទីសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណវត្តពោធិ៍វាល, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកម្មវិធី បុណ្យវិសាខបូជា ដង្ហែក្បួន និងពិធីរាប់បាត្រព្រះសង្ឃចំនួន ១,០៦៨អង្គ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ។ ពិធីបុណ្យពិសាខបូជានេះ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ ប្រជាពុទ្ធបរិស័ទ និស្សិត យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យពិសាខបូជានាព្រឹកនេះក៏មានការដង្ហែក្បួនថ្មើរជើងដ៏អធិកអធម និងរាប់បាត្រព្រះសង្ឃ១០៦៨អង្គផងដែរ។ សូមជម្រាបថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះគឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «ពិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោក៕