បាត់ដំបង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅក្នុងបរិវេណវត្តពោធិ៍ក្នុង ស្ថិតនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង និងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ មន្រ្តីរាជការ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និស្សិត គរុនិស្សិត-សិស្ស សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា នេះឡើង គឺក្នុងគោលបំណង៖
- ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ)
- អរគុណ ដល់ជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ដែលបានរួចផុតពីរបបប្រល័យពូជសាសន៍នេះ
- រំលឹកការឈឺចាប់របស់កម្ពុជាដែលកំពុងរងការឈ្លានពានទឹកដីពីយោធាថៃ និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រ ដល់វីរះកងទ័ពយើង និងបន្តស្មារតីជាតិនិយម៕