នាថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមមន្ត្រីជំនាញ ០១រូប បានចូលរួមក្នុងសិក្ខាសាលាស្ដីពី បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានគណៈកម្មការអន្តរក្រសួង , ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ។ សិក្ខាសាលានេះដែរ រៀបចំឡើងក្នុងគោលបំណងធំៗ ចំនួន ០៣៖
១-ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការគ្រប់គ្រងដីរដ្ឋជារួម ពិសេស ការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ និងការកត់ត្រាដីរដ្ឋក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
២-ផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងការគ្រប់គ្រងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ
៣-ពិភាក្សាលើវិធានការ និងជំហានការងារបន្ទាប់ដើម្បីជំរុញបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនិងការពង្រឹងគុណភាពបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕